ប៉ូលីសក្លែងក្លាយអស់ល័ក្ខណ៍មួយក្រុម ត្រូវសមត្ថកិច្ចក្របួចបាន ៤នាក់ កាលពីវេលាម៉ោង ១១យប់..!!
រាជធានីភ្នំពេញ ៖ ប៉ូលីសក្លែងក្លាយអស់ល័ក្ខណ៍មួយក្រុម ត្រូវសមត្ថកិច្ចក្របួចបាន ៤នាក់ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នៅចំណុចផ្លូវបំបែកស្តុប ២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល ។ លុះជិះមកដល់ចំណុចកើតហេតុ ក៏ឃើញមានក្រុមប៉ូលីសក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន ០៤នាក់ ជិះម៉ូតូ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប ២០០៤ កែងមហាវិថីសហព័ន្ធរុស្សី ។

ពេលនោះគាត់បានប្រាប់ទៅកាន់ក្រុមប៉ូលីសក្លែងក្លាយទាំងនោះថាគាត់ គឺជាអធិការងខណ្ឌពោធិសែនជ័យ តែពួកគេមិនជឿព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមប៉ូលីសក្លែងក្លាយទាំងនោះ យកទៅចាត់ការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី ១ ។
បន្ទាប់ពីឃាត់ខ្លួនក្រុមប៉ូលីសក្លែងក្លាយទាំង ៤នាក់ហើយ ព័ត៌មានក៏បានផ្សព្វផ្សាយស្រាប់តែមានប្អូនប្រុសម្នាក់ ដែលធ្លាប់ជាជនរងគ្រោះត្រូវបានក្រុមប៉ូលីសក្លែងក្លាយនេះ បន្លំធ្វើស៊ីលុយអស់ជាង៣៥០ដុល្លារកាលពីកន្លងមក ក៏បានធ្វើដំណើរមកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងបន្ថែម ។
លទ្ធផលចុងក្រោយ ក្រុមប៉ូលីសក្លាយដែលមានពាក់កាត ព្រហ្មទ័ណ្ឌ (CID) ឬ គេហៅថាកូនខ្លា ឬប៉ូលីសជ័រខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និងបំពេញសុំណុំរឿង អនុវត្តបន្តតាមនីតិវិធី ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕








