ក្រសួងបរិស្ថានបានចាត់ទុកអំពើបំ-ផ្លិ-ច បំ-ផ្លា-ញ ធនធានធម្មជាតិ និងសត្វព្រៃដោយ គ្រា..ប់ផ្លោង និងបា..ញ់ ផ្សែងពុ..ល ថៃ ថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានលើកឡើងថា ការឈ្លានពានមកលើទឹកដីកម្ពុជាទាំងកំរោល ពីសំណាក់យោធាថៃតាមរយៈការទម្លាក់គ្រប់បែក បាញ់ផ្លោង និងបាញ់ផ្សែងពុលចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានមើលឃើញថាផ្ទុយនឹងច្បាប់អន្តរជាតិ ថែមទាំងបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលចាត់ទុកបានថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»។
ការលើកឡើងនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការអញ្ជើញធ្វើបាឋកថា ស្តីពី«ការដឹកនាំនិងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា» នៅរាជបណ្ឌិតសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សិស្សនិស្សិត នៃរាជបណ្ឌិតសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល សហភាសហព័ន្ធយុវជនកម្ពុជា និងយុវជនកម្ពុជាជាច្រើនផ្សេងទៀត។
លោករដ្ឋមន្ត្រីបានថ្លែងថា៖«ទង្វើឈ្លានពាន មិនត្រឹមតែបង្កឱ្យមនុស្សស្លាប់ និងរបួសប៉ុណ្ណោះទេ តែថែមទាំងបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងបានរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស។ បរិស្ថានជាជីវិត មិនគោរពបរិស្ថាន គឺមិនគោរពជីវិត។ មិនគោរពជីវិត គឺបំពានសិទ្ធិមនុស្ស សិទ្ធិនៃការរស់រានមានជីវិត»។
ក្រៅពីសម្លាប់មនុស្ស បង្ករបួស និងជម្លៀសពីលំនៅឋាន, ការប្រើប្រាស់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីយន្តហោះF-16របស់យោធាឈ្លានពានថៃក៏បានបណ្តាលឱ្យដំរីញី១ក្បាល និងកូនដំរីទើបនឹងកើត១ក្បាលនៅក្នុងតំបន់ការពារក្នុងខេត្តព្រះវិហារផងដែរកាលពីពេលថ្មីៗនេះ។

-ដំរី១ក្បាលបានស្លាប់ដោយសារគ្រាប់ផ្លោងយោធាថៃក្នុងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានបានចាត់ទុកអំពើបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសម្លាប់សត្វព្រៃដោយគ្រាប់ផ្លោង និងបាញ់ផ្សែងពុលថៃ ថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»។ រូបថត ក្រសួងបរិស្ថាន
ក្នុងអំឡុងពេលមានការឈ្លានពានមកលើទឹកដីកម្ពុជា ក្រសួងបរិស្ថានបានចាត់បញ្ជូនក្រុមការងារដែលរួមមានទាំងមន្រ្តីជំនាញចំនួន១៤ក្រុម សរុបចំនួន៦០នាក់ ដើម្បីចុះអង្កេតតាមដាន ការបំពុលបរិស្ថាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមណ្ឌលជនភៀសសឹក មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ យុវជនមកពីអង្គការ សមាគម សង្គមស៊ីវិល ដៃគូសហការ យុវជនកម្ពុជា ជាច្រើនផ្សេងទៀត និងប្រជាពលរដ្ឋ ជំរុញសកម្មភាពដើម្បីឱ្យមានស្អាត នៅតាមមណ្ឌលសុវត្ថិភាពទាំងអស់ ជាពិសេសរៀបចំឱ្យមានការទុកដាក់សំរាម សម្អាតអនាម័យបរិស្ថាន ទប់ស្កាត់ការដុតសំរាម ដុតប្លាស្ទិក ដែលបង្កឱ្យមានការបំពុលខ្យល់។
ជាមួយគ្នានេះមន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះអង្កេតតាមដានលើគុណភាពទឹក និងគុណភាពខ្យល់ នៅតាមទីតាំងជាច្រើនទាំងក្នុង និងក្រៅមណ្ឌលសុវត្ថិភាពជនភៀសសឹក និងយកសំណាកទឹក សំណាកខ្យល់ និងសារធាតុគីមីពុល មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានបន្ថែមទៀត។ លើសពីនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា និងដើម្បីភាពស្អាត លើកកម្ពស់សុខភាពសាធារណៈ របស់ជនភៀសសឹក បានផ្តល់ជូនធុងសំរាមសរុបចំនួន ៣៥០ ធុង ម៉ូតូដឹកសំរាមចំនួន ២៥ គ្រឿង រថយន្តដឹកសំរាមចំនួន ១ គ្រឿង បន្ថែមទៀតដល់រដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីបញ្ជូនទៅគាំទ្រដល់ភាពស្អាតតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក៕


