ប្រទេសចិនផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃប្រហែល ២,៨៥ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋស៊ីវិលដែលរងផលប៉ះពាល់ដោយសារជម្លោះជាមួយប្រទេសថៃ។ ការផ្តល់ជំនួយនេះធ្វើឡើងស្របពេលដែលក្រសួងការបរទេសចិន កំពុងរៀបចំកិច្ចពិភាក្សាត្រីភាគីរវាងកម្ពុជា ចិន និងថៃ។
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៌ បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនភៀសសឹក នៅតំបន់ព្រំដែន ដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។
ពិធីផ្តល់ជំនួយមនុស្សធម៌បន្ទាន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលជំនួយ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានមានប្រសាសន៍ថា ដើម្បីជួយជនភៀសសឹករាប់សែននាក់ដែលបានចាកឆ្ងាយពីលំនៅឋាន តាមបន្ទាត់ព្រំដែនដោយសារជម្លោះកម្ពុជា-ថៃ និងកំពុងជួបទុក្ខលំបាក ដូច្នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បឋម មានជា តង់ ភួយ អាហារ និងសម្ភារៈចាំបាច់នានាជាច្រើនទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បន្ថែមថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចការងារជួយសង្គ្រោះប្រជាជនភៀសសឹក ដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា ។


ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់នូវអាយុជីវិតមនុស្សជាច្រើន ក្នុងជម្លោះព្រំដែន នៃប្រទេសទាំងពីរ។ ហើយចិនក៏នៅតែមានឆន្ទៈខ្ពស់ក្នុងការជួយសម្របសម្រួល និងព្យាយាមជួយដោះស្រាយបញ្ហាជម្លោះរវាងប្រទេសទាំងពីរឲ្យឆាប់វិលទៅរកប្រក្រតីភាពឡើងវិញប្រកបដោយយុទ្ធសាស្ត្រឈ្នះៗ និងដើម្បីស្តារសន្តិភាពរវាងភាគីទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់នៅពេលនេះ និងបានចាត់ទុកការផ្តល់ជំនួយនៅពេលនេះបានបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះសុខទុក្ខរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ឯកឧត្តមបន្តថា កាយវិការប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាពជាប្រពៃណីដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។
ឆ្លៀតក្នុងឱកាសដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្ថែមចំពោះមិត្តចិន ដែលបាននិងកំពុងខិតខំដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយការស្ថាបនា ដើម្បីឲ្យមានបទឈប់បាញ់ និងឈានទៅរកការបញ្ចប់ជម្លោះ ស្ដារសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ ដែលអាចអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកបានឆាប់វិលត្រលប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញដោយសុវត្ថិភាព នៅពេលខាងមុខ៕



