រញ្ជួយដីកម្រិត 7.1រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនបង្កឲ្យមានមនុស្សស្លាប់និងជាប់ក្នុងបំណែកថ្មជាច្រើននាក់
រញ្ជួយដីកម្រិត 7.1 បានវាយប្រហារខេត្ត Kumamoto លើកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃអង្គារទី28នេះ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ខណៈមនុស្សជាច្រើនទៀតជាប់នៅក្នុងបំណែកថ្មផ្សារទំនើប Aeon Mall ដែលបានបាក់។
អាជ្ញាធរបានឱ្យដឹងថា ជាន់ទី២ នៃផ្សារទំនើបនៅទីក្រុង Kashima បានបាក់រលំ ហើយមានសេចក្តីរាយការណ៍ពីការផ្ទុះមួយកើតឡើងក្រោយរញ្ជួយដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សស្លាប់ «ចំនួនច្រើន» ប៉ុន្តែប៉ូលិសមិនទាន់បញ្ជាក់តួលេខផ្លូវការនៅឡើយ។
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយថា មានការដាច់ចរន្តអគ្គិសនី អគ្គិភ័យ ការខូចខាតផ្លូវ ស្ពាន និងអគារជាច្រើន។ ប្រជាជនប្រមាណ 300,000 នាក់ត្រូវបានណែនាំឱ្យជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈទាហាន និងក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរកអ្នកជាប់គាំង។

រញ្ជួយដីនេះក៏បានបណ្តាលឱ្យផ្ទះប្រមាណ 48,000 ខ្នងដាច់ចរន្តអគ្គិសនី សេវារថភ្លើងល្បឿនលឿន និងជើងហោះហើរមួយចំនួនត្រូវផ្អាក។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា មិនមានបញ្ហាប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរដែលនៅក្បែរនោះទេ។
រញ្ជួយដីលើកនេះមិនមានសញ្ញាព្រមានពីរលកយក្សស៊ូណាមិនោះទេ ប៉ុន្តែអាជ្ញធរបានព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះរញ្ជួយដីបន្ត និងហានិភ័យនៃការបាក់ដីក្នុងរយៈពេលប្រហែលមួយសប្តាហ៍។
ប្រភព: NHK

